ប្រាសាទបាភួន, ប្រាសាទត្រីភូវនចូនាមណីហេមាទ្រិ

ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនានិកាយព្រះសិវៈ ក្នុងរជ្ជកាលព្រះបាទឧទ័យទិត្យាវរ្ម័នទី២ ឆ្នាំ១០៦០។ ប្រាសាទនេះមានចម្លាក់ខុសពីប្រាសាទផ្សេងៗទៀត គឺឆ្លាក់នៅលើថ្មតូចៗ ស្រដៀងនឹងឥដ្ឋ។ ចម្លាក់នេះនៅសេសសល់តិចតួចប៉ុណ្ណោះ។ បាភួនជាប្រាសាទភ្នំមានរាងដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើពីថ្មភក់ថ្មបាយក្រៀម និងឈើ មានគោបុរៈនៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បាច់រចនាល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗ ទៀតទាក់ទងទៅនឹងល្បែងកីឡា។ មានរូបព្រះពុទ្ធចូលព្រះនិពា្វនដែលគេទើបកសាងនាសម័យលង្វែកបានត្រូវឆ្លាក់នៅផ្នែកខាងលិច។ ប្រាសាទនេះតំណាងឱ្យភ្នំព្រះសុមេរុ មានកំពែងប្រវែង ៤២៥x១២៤ ម៉ែត្រព័ទ្ធជុំវិញ។ ផ្លូវចូលប្រវែង ២០០ម៉ែត្រ នៅទិសខាងកើត ស្ពានទ្រដោយសរសរមូលបីជួរហៅថាស្ពានហាល។ នៅជាន់ទីមួយ ទីពីរ ទីបី នៃប្រាសាទមានថែវធ្វើពីថ្មភក់។ ប្រាសាទបាភួនមានឈ្មោះដើមហៅថា ត្រីភូវនចូនាមណី ហើយក្រោយមកឈ្មោះនេះនៅសល់តែភូវនរួចក្លាយជាភួនវិញ។ ពាក្យ ត្រីភូវន មានន័យថាអ្នកដែលគ្រប់គ្រងលើភពទាំងបី។ ចំណែកពាក្យដែលក្លាយទៅជា បាពួន ប្រាសចាកពីឈ្មោះដើមដែលមានន័យគ្រប់គ្រាន់។

ទីតាំងនៅលើផែនទី