ប្រាសាទនេះត្រូវបានកសាងឡើងនាសតវត្សរ៍ទី១២ ក្នុងរជ្ជកាល ព្រះបាទសុរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ។ ប្រាសាទនេះមានរាងចតុកោណ មានប្រាង្គបែរមុខទៅទិសខាងកើត មានគូទឹក និងកំពែងព្រមទាំងគោបុរៈពីរនៅខាងកើត និង ខាងលិច រួមនិងហោត្រៃមួយនៅទិសអាគ្នេយ៍។ នៅជិតទីនោះដែរមានប្រាសាទមួយទៀតគឺ ប្រាសាទចៅសាយទេវតា ដែលបុរាណវិទូឱ្យឈ្មោះថា «ប្រាសាទភ្លោះញីឈ្មោលមួយគូរបស់ពិភពស្តេចពស់នាគរាជ»។ គេគិតថា ប្រាសាទចៅសាយទេវតា គឺជាប្រាសាទស្តេចពស់នាគរាជញី ចំណែកឯប្រាសាទធម្មានន្ទគឺ ជាប្រាសាទស្តេចពស់នាគរាជឈ្មោល។ ប្រាសាទធម្មានន្ទមានកំពែងធ្វើអំពីថ្មបាយក្រៀមព័ទ្ធជុំវិញ មានបណ្ដោយប្រវែង៦០x៤៥ ម៉ែត្រ។ ប្រាសាទនេះមានប្រាង្គទោល មានកម្ពស់២១ ម៉ែត្រ តុបតែងឡើងជារាងផ្កាឈូកក្រពុំ៥ថ្នាក់ និងមានទ្វារបញ្ឆោត៣ និងមានទ្វារមួយចូលពីទិសខាងកើតដែលមានប្រវែងដ៏វែង ដែលសាងសង់ឡើងនៅលើខឿនមួយដែលមានកម្ពស់២,៥០ម៉ែត្រ។ នៅលើជញ្ជាំងប្រាសាទមានរូបចម្លាក់ក្នុងរឿងរាមកេរ្តិ៍ ត្រង់ឈុតពាលីច្បាំងនិងសុគ្រីព, រឿងព្រះវិស្ណុជិះគ្រុឌប្រយុទ្ធគ្នាជាមួយអសុរៈ។ ប្រាសាទមានរចនាបថបន្ទាយស្រី ហើយឈ្មោះធម្មានន្ទ មកពីពាក្យ “ធម្ម” + “អានន្ទ” ដែលន័យថា ជាទីកន្លែងរក្សាគម្ពីរធម៌គ្មានថ្ងៃបញ្ចប់ (គម្ពីរអមតៈ)។