ប្រាសាទភ្នំជីសូរ

ប្រាសាទភ្នំជីសូរ បានស្ថាបនាលើខ្នងភ្នំមួយ មានកំពស់ ១៣៨ ម. សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះ សាងសង់អំពីថ្មភក់ និងថ្មបាយក្រៀម មានបណ្ដោយ ៦០ម. ទទឹង ៥០ម. និង មានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទីមួយ នៅចំកណ្ដាល មានទីសក្ការៈមួយដែលសំខាន់ ហើយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ចម្លាក់យ៉ាងល្អប្រណិតនៅផ្ដែរ និង សសរពេជ្រ។ ប្រាសាទសង់ឡើងដោយ ព្រះបាទសូយ៌្យវម៌្មន ទំនងជាសង់ឡើងសម្រាប់តម្កល់លិង្គសូយ៌្យវម៌្មេស្វរ។ ប្រាសាទស្ថិតក្នុងរចនាបថឃ្លាំង។ មានសម្មតិកម្មជាច្រើនទាក់ទងនឹងឈ្មោះភ្នំនេះ ប៉ុន្តែតាមរយៈសិលាចារឹក ប្រាសាទមានឈ្មោះថា «សុរ្យបព៌ត» ជាភាសាសំស្ក្រឹតដែលមានន័យថា ភ្នំរបស់ព្រះបាទសូរិយាវរ្ម័នទី១។ តាមឯកសារផ្សេងទៀត ខ្នងភ្នំនេះមានឈ្មោះយោគេន្ទ្រាល័យ ឯទីតាំងភូមិស្រុកព័ទ្ធជុំវិញមានឈ្មោះថាយោគេន្ទ្រាបុរៈ។ តាមរឿងនិទាន ស្ដេចដែលគង់នៅទីនេះ ផ្សារភ្ជាប់នឹងរឿង នាងខ្មៅ។ លក្ខណៈស្របគ្នារបស់រឿងព្រេងនៅត្រង់ថា ព្រះរាជាព្រះនាមថា សូរិយោទេវង្ស ដែលជានាម មានន័យប្រហាក់ប្រហែលទៅនិងព្រះនាម របស់ព្រះមហាក្សត្រខ្មែរដែលបានស្ថាបនាប្រាសាទនេះផងដែរ។ ប្រាសាទនេះជាប្រភពនៃសិលាចារឹកលេខ K31, K32, K33, K34 ។ តាមរយៈសិលាចារឹកទាំងនេះហើយ ដែលគេដឹងប្រវត្តិកសាងប្រាសាទនេះ ហើយសព្វថៃ្ងនៅសល់តែមួយផ្ទាំងជាប់ស៊ុមបណ្ណាល័យខាងជើង។ នៅក្នុងថែវគឺមានតួប្រាង្គកណ្តាលមួយ, បណ្ណាល័យ២, តួប្រាង្គ៤ដែលព័ទ្ធជុំវិញតួប្រាង្គកណ្តាល។ សព្វថៃ្ងតួប្រាង្គទាំង៤ខូចខាតអស់មួយ។ តួប្រាង្គនីមួយៗសុទ្ធតែមានការតុបតែង យ៉ាងល្អប្រណីតឆ្លាក់ជារឿងរ៉ាវផ្សេងៗនៅលើផ្តែ់រទ្វារ, លើសសរពេជ្រ, លើហោជាង, លើសសរផ្អោប។ ចម្លាក់ទាំងអស់ច្រើនឆ្លាក់ទាក់ទងទៅនឹងព្រះឥសូរ និងព្រះវិស្ណុ។ ក្រៅពីនោះនៅក្នុងតួប្រាសាទមានតម្កល់ លិង្គព្រះឥសូរនិងយោនីព្រះនាងឱមា, ក្បាល “មករ”, “ទ្វារបាល” ដែលសម្រាប់ការគោរពបូជារបស់មនុស្ស នៅក្នុងសម័យមុន។ ក្រៅពីនេះ នៅមានស្រះមួយនៅទិសនិរតី, ជណ្តើរថ្មបាយក្រៀមនៅខាងកើត។ នៅខាងក្រោមមានប្រាសាទរណបពីរនៅទិសខាងកើតផ្ទាល់ដី ជាគោបុរៈ មានឈ្មោះថា សែនធ្មុល និងសែនរវាង។

ទីតាំងនៅលើផែនទី