ប្រាសាទបុរាណត្រពាំងមមាំងសង់ពីឥដ្ឋដែលនៅឆ្ងាយប្រមាណ៣០០ម៉ែត្រពីភូមិអ្នកស្រុក។ ទោះយ៉ាងណាប្រាសាទដែលស្ថិតនៅកណ្ដាលវាលស្រែ នៅមានរូបរាងឈរត្រដឹម មានគូទឹកព័ទ្ធជុំវិញ។ បច្ចុប្បន្ននេះអ្នកស្រុកលែងយាយីដូចពីមុនទៀតហើយព្រោះវត្ថុថ្មចម្លាក់ធ្វើពីថ្មភក់ត្រូវបានគេលួចប្លន់គាស់កកាយអស់កាលពីអំឡុងសម័យសង្គ្រាមស៊ីវិលទសវត្សរ៍៨០-៩០ អស់ទៅហើយ។ ប្រាសាទសង់ពីឥដ្ឋ កសាងអំឡុងស.វ ១០,១១ មានទំហំប្រមាណ ៤ x ៣ ម៉ែត្រផ្នែកខាងក្នុង ទំហំ ២ម៉ែត្រកន្លះបួនជ្រុង។ ប្រាសាទនេះបែរមុខទៅកើត គ្មានទ្វារបញ្ឆោតទេ។ លើមេទ្វារខាងជើងនៃប្រាសាទមានសិលាចារឹកជាភាសាខ្មែរបុរាណសម័យអង្គរចំនួនបួនបន្ទាត់។