ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី ១(៨៨៩ -៨៩៩) ក្នុងរចនាបថប្រាសាទបាខែង មានបារមីពីអាទិទេព ត្រីមូតិ(ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ) ការពារប្រជានុរាស្ត្រគ្រប់លំដាប់ថ្នាក់ និងជាសញ្ញាឯកភាពជាតិយ៉ាងរឹងមាំ។ ប្រាសាទភ្នំបូកមានទីតាំងនៅលើភ្នំបូក ដែលជាភ្នំមួយក្នុងចំណោមភ្នំទាំង៣នៃយោសធរបុរៈ រួមជាមួយនិងភ្នំក្រោម និងភ្នំបាខែង។ នៅលើកំពូលភ្នំ មានប្រាសាទមួយ រំលេចជាប្រាង្គធំចំនួន៣ប៉ុនៗគ្នាសង់លើខឿនថ្មភក់មួយ និងប្រាសាទតូចៗចំនួន៤ជាហោត្រៃ សង់ពីថ្មភក់ពីរនិងឥដ្ឋពីរបែរមុខទៅរកប្រាង្គធំទាំង៣។ ខាងលិចប្រាសាទចម្ងាយ ៣០ ម៉ែត្រ មានទីសក្ការលិង្គព្រះឥសូរ ដែលមានកម្ពស់ជាង ២ ម៉ែត្រ។ បច្ចុប្បន្ន ប្រាសាទភ្នំបូក មានសភាពបែកបាក់យ៉ាងដំណំ នៅប្រាង្គកណ្ដាល និងប្រាង្គខាងត្បូង។ ចំណែកឯកំពែងថ្មបាយក្រៀម និងគោរបុរៈទាំង ៤ បានខូចខាតបាត់បង់អស់ទ្រង់ទ្រាយដើម។