ប្រាសាទត្រពាំងប្រាសាទខាងត្បូងឬប្រាសាទខ្នារចារ ត្រូវបានអ្នកស្រុកហៅថា ប្រាសាទតូច។ ប្រាសាទមានបារាយណ៍ឬតដាកនៅចំពីមុខនាទិសខាងកើត ដែលមានទំហំធំជាងតដាកនៅខាងកើតប្រាសាទធំឬប្រាសាទត្រពាំងប្រាសាទខាងជើង។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋរត់ជួរជើង-ត្បូងបែរមុខទៅខាងកើត ដោយមានស៊ុមទ្វារពីថ្មភក់ ទ្វារបីផ្សេងទៀតជាទ្វារបញ្ឆោត។ ទ្វារខាងលិចនៃប្រាង្គកណ្ដាលធ្វើពីថ្មភក់ ចំណែកទ្វារផ្សេងទៀត ធ្វើពីឥដ្ឋ។ ប្រាង្គទាំងនេះសង់លើខឿនរួមមួយធ្វើពីថ្មបាយក្រៀម។ មានហោត្រៃមួយធ្វើពីថ្មបាយក្រៀមនៅអាគ្នេយ៍នៃប្រាង្គនិងមានជញ្ជាំងកំពែងរាងចតុកោណកែងធ្វើពីថ្មបាយក្រៀម។ ខ្លោងទ្វារចូលពីរខាងលិចនិងខាងកើតមានស៊ុមទ្វារពីថ្មភក់។ គេអាចវិភាគអាយុកាលប្រាសាទត្រពាំងប្រាសាទខាងត្បូងបាន តាមរយៈក្បាច់លម្អផ្ដែរស្ថិតក្នុងរចនាបថកោះកេរ និងផ្តែររចនាបថប្រែរូប គឺប្រហែលក្នុងសតវត្សទី១០។