ព្រះវិហារព្រះកែវមរកត

ព្រះវិហារព្រះកែវមរកតស្ថិតនៅខាងក្នុងព្រះបរមរាជវាំង ត្រូវបានកសាងឡើងនៅឆ្នាំ១៨៩២ ក្នុងរជ្ជកាល ព្រះបាទនរោត្តម ប៉ុន្តែត្រូវបានជួសជុលឡើងវិញដោយព្រះបាទនរោត្តមសីហនុនៅឆ្នាំ១៩៦២។ ព្រះវិហារជាស្នាដៃដ៏អស្ចារ្យនៃសិល្បៈខ្មែរ ដែលក្រាលដោយកម្រាលប្រាក់ជាង៥៣០០សន្លឹក ហើយមួយសន្លឹកៗ មានទម្ងន់១.១២៥ គីឡូក្រាម។ ហេតុនេះហើយ ទើបជនបរទេសច្រើនហៅថា ព្រះវិហារប្រាក់ Silver Pagoda។ សន្លឹកប្រាក់ទាំងអស់មានទម្ងន់សរុបជាង៦តោន។ វត្ត តែពុំមានព្រះសង្ឃគង់នៅនេះ នៅតាមថែវមានរូបគំនូរបុរាណ ដែលមានសភាពដូចគ្នានិងរូបគំនូរនៅវិហារវត្តកំពង់ត្រឡាចលើដែរ។ មានព្រះសង្ឃតែមួយព្រះអង្គធ្លាប់គង់នៅទីនេះកាលពីឆ្នាំ ១៩៤៧ គឺព្រះបាទនរោត្តមសីហនុ ដែលបានសាងព្រះផ្នួសអស់រយៈពេល១ព្រះវស្សា។ នៅជាប់នោះមានសារមន្ទីររោងដំរី ដែលជាកន្លែងចិញ្ចឹមដំរី ត្រៀមទុកហែក្បួន ក្នុងព្រះរាជពិធីបុណ្យផ្សេងៗ ហើយសព្វថ្ងៃមានតាំងបង្ហាញនូវគ្រឿងប្រដាប់ប្រដាហែក្បួនដំរី សាលពិព័រណ៍ រូបថត លំនៅស្ថានខ្មែរ និងសំលៀកបំពាក់ប្រពៃណីខ្មែរ ផ្ទះបុរាណខ្មែរ ព្រមទាំងសាលតាំង និងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។

ទីតាំងនៅលើផែនទី