ខ្លោងទ្វារព្រះសក្យមុនីចេតិយ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ អមដោយទង់ជាតិនិងព្រះពុទ្ធសាសនា បាននាំផ្លូវភ្ញៀវទេសចរចូលទៅកាន់រមណីយដ្ឋានជាច្រើននៃភ្នំព្រះរាជទ្រព្យ។ ព្រះសក្យមុនីចេតិយបានសាងសង់ ឡើងយ៉ាងប្រណិតស្ថិតនៅលើកំពូល ភ្នំខ្ពស់ជាងគេនៅផ្នែកខាងជើង មានកំពស់៤០ម៉ែត្រ បានបញ្ចុះបឋម សិលា ឆ្នាំ១៩៩៦ ហើយកសាងរួចរាល់នៅឆ្នាំ ២០០២ ជាទីកន្លែងតំកល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ ដែលពីមុនតម្កល់នៅព្រះសក្យមុនីចេតិយទល់មុខស្ថានីតរថភ្លើងភ្នំពេញ។ មនុស្សគ្រប់រូបដែលមកដល់បរិវេណ ត្រូវដោះស្បែកជើង និងដោះមួកចេញដោយដើរទស្សនាជើងទទេ ហើយផ្នែក ខាងក្រោមព្រះសក្យមុនីចេតិយ ពុទ្ធបរិស័ទគ្រប់ទិសទីបាននាំគ្នាជាវ ព្រះពុទ្ធរូបមកតំកល់ទុកទីនេះចំនួន ៥៣៣៤អង្គ នេះបើតាមស្ថិតិ របស់ក្រសួងវប្បធម៌។ នៅទីកន្លែងផ្សេងមិនធ្លាប់មានតម្កល់ព្រះពុទ្ធបដិមាយ៉ាង ច្រើនបែបនេះឡើយ ព្រះពុទ្ធបដិមានិមួយៗបានរៀបចំឡើងយ៉ាងមានសណ្តាប់ធ្នាប់ ក្រោមពន្លឺភ្លើងភ្លឺចែងចាំង ដ៍ស្រស់ស្អាតគួរ ជាទីជ្រះថ្លាក្រៃលែង។ ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកទស្សនានៅទីនេះមានសេចក្តី សោមនស្សរីករាយទាំងគ្រហស្ថរួមទាំងព្រះសង្ឃបានមកគោរពថ្វាយទៀនធូបផ្កាភ្ញីបូជាថ្វាយព្រះជាហូរហែជាពិសេសនៅថ្ងៃសំរាក។ នៅខាងឆ្វេងដៃក្បែរព្រះសក្យមុនីចេតិយ មានចេតិយធំៗចំនួនពីរនៅក្បែរគ្នា ចេតិយ ខាងជើងមានឆ្លាក់រូបដំរីដែលគេហៅថា “ចេតិយសាមពាន់” កសាងឡើងក្នុងគ្រិស្ត សករាជ១៦២៣ ដោយព្រះបាទជ័យជេដ្ឋា ដើម្បីបញ្ចុះព្រះបរមអដ្ឋិនៃព្រះបាទស្រីសុរិយោពណ៌ ជាព្រះរាជបិតា ចេតិយខាងត្បូងជាប់គ្នានោះកសាងឡើងក្នុងគ្រិស្តសករាជ១៨៩១ ដោយព្រះបាទសម្តេចព្រះ នរោត្តម ដើម្បីបញ្ចុះព្រះបរមអដ្ឋិនៃព្រះបាទអង្គឌួង ជាព្រះរាជ បិតា បើឡើងតាមជណ្តើខាងត្បូងឃើញមានចេតិយធំមួយ គឺជាចេតិយរបស់សម្តេច ព្រះបាទស៊ីសុវត្ថិមុនីវង្ស ដែលមានក្បាច់រចនាស្អាតបាត ចំណែកឯចេតិយធំទាំងបី ដែលស្ថិត នៅលើភ្នំជ្រុងខាងជើង ត្រូវបានហៅថា “ចេតិយត្រៃត្រិង្ស”។