ប្រាសាទព្រះធាតុទឹកឆា មានទំហំ ៨ x ៨ម. កម្ពស់ប្រមាណ ១១.៥ ម. ចំណែកទំហំខាងក្នុង ៤.៥ x ៤ម.។ ឈ្មោះដើមនៃប្រាសាទគឺ ស្រីជលង្កេស្វរៈ សង់ពីឥដ្ឋ មានសសរពេជ្រនិងផ្ដែរជាថ្មភក់។ ប្រាសាទសង់ឡើងមុនសម័យអង្គរនេះ មានកំពែងពីរជាន់ ហើយត្រូវបានជួសជុលជាច្រើនលើក។ តាមសិលាចារឹក K88 ប្រាសាទនេះមានឈ្មោះដើម ស្រីជលង្គេស្វរៈ កសាងឡើងក្នុងពីគ.ស.១០២៥ ក្នុងរជ្ជកាលព្រះបាទ សុរ្យវរ្ម័នទី ១ តាមការទូលស្នើអំពីអ្នកប្រាជ្ញម្នាក់ឈ្មោះ "ជង្ឃាល" ឬលក្ស្មិន្ទ្របណ្ឌិត ដែល រកឃើញទីដីមួយកន្លែងក្នុងតំបន់ សិទ្ធិបុរ សុំធ្វើជាអារាម សម្រាប់ធ្វើសក្ការបូជាចំពោះសាសនាព្រាហ្មណ៍។ នៅក្នុងប្រាសាទធំដែលមានឈ្មោះថា ព្រះនន់ មានតម្កល់សិវលិង្គមួយនៅកណ្ដាល សន្មតនាមថា «ស្រីភទ្រេស្វរៈ» និងទេវរូបពីរអមសងខាង ឈ្មោះ«បរមេស្វរៈ» និង «សរស្វតិ»។ នៅចំហៀងខាងស្ដាំនៃប្រាសាទមានស្រះឈ្មោះថា «លក្ស្មិន្ទ្រដាក» ហើយប្រតិស្ឋានលិង្គមាសមួយ តម្កល់នៅកណ្ដាលស្រះផង។ ព្រះរាជាបានប្រោសព្រះរាជទាន នាមទីកន្លែងនេះ ថា "លក្ស្មិន្ទ្របថ" ដោយនិយមតាមនាមបណ្ឌិត អ្នកកសាង ហើយទ្រង់ប្រោសប្រទាន នូវធនធានជាប្រដាប់ប្រើប្រាស់, ពួកពលព្រះ ២៩ នាក់, ដីស្រែនៅជុំវិញប្រាសាទ ស្រះទឹក និងទីលានធំៗសម្រាប់ប្រកបពិធី ឬ ជាគ្រឿងលំអ។ ដំបូល ឬ កំពូលប្រាង្គវិញ បានរលំបាក់អស់ទើបសព្វថ្ងៃគេបានឆ្នៃធ្វើជាដំបូលស៊ីម៉ង់គ្របពីលើ។ ក្រៅពីនេះនៅមានសំណង់តូចៗជាច្រើនសង់ពីថ្មបាយក្រៀមនៅក្នុងបរិវេណនេះ។