ប្រាសាទភ្នំត្រប់

ប្រាសាទភ្នំត្រប់ សង់ឡើងរវាងសតវត្សទី១០ លើកំពូលភ្នំកម្ពស់ ២៥ម៉ែត្រ។ គឺជាក្រុមប្រាសាទដែលមានតួប្រាង្គបី ធ្វើអំពីឥដ្ឋតម្រៀបគ្នាជាជួរនៅលើខឿនថ្មបាយក្រៀមមួយដ៏រឹងមាំ។ រីឯផ្តែរ សសរពេជ្រ ប្រអប់ឬ ស៊ុមទ្វារ នៃតួប្រាង្គទាំងនោះលំអដោយក្បាច់ក្បូរគួរឲ្យគយគន់។ នៅផ្នែកខាងត្បូងបំផុត គេឃើញមានសំណល់គ្រឹះប្រាសាទមួយទៀត ដែលរលំបែកបាក់អស់ដែលយោងតាមសំណល់គឺសង់ឡើងក្នុងសម័យជាមួយគ្នា។ ប្រាង្គទាំងបីបែរមុខទៅកើត មានរាងការ៉េ ជ្រុងទំហំ៤ ម. សម្រាប់ប្រាង្គសងខាង ឯប្រាង្គកណ្ដាល ៤.៥ ម.។ នៅលើផ្ទៃជញ្ជាំងខាងក្នុង តួប្រាង្គកណ្តាលមានចម្លាក់ក្រឡោតខ្ពស់ ដូចនៅប្រាសាទក្រវ៉ាន់ខេត្តសៀមរាប តែបែរមុខទៅរកទ្វារចូល ជារូបព្រះនរាយ ព្រះវិស្ណុនិងទេវីទាំង២អង្គ។ ផ្ដែរនៃប្រាង្គមានឆ្លាក់រូប គជលក្ស្មី ក្រឹស្នៈ និងរូបសិវៈរាំ។ ប្រាសាទស្ថិតក្នុងរចនាបថកោះកេរ ហើយមានដំបូលត្រូវរលំបាក់បែកអស់ជាច្រើនអន្លើ។ ទីនេះជាប្រភពសិលាចារឹកលេខ K94 ។ សិលាចារឹកនេះបានបង្ហាញថា ការប្រតិស្ថានព្រះស្រីភទ្រោទយេស្វរ ក្នុងឆ្នាំ៩៥៣ និងប្រតិស្ថានព្រះស្រីភក្តិវិក្រម ក្នុងឆ្នាំ៩៦០ និងប្រតិស្ថានព្រះ ឧបេន្ទ្រ ក្នុងឆ្នាំ៩៦២ គិតជាគស.។នៅលើកំពូលភ្នំនោះ មានសំណង់រូបព្រះពុទ្ធបដិមាដ៏ធំ ឈ្មោះថាព្រះអង្គប្រាំពីរ ហើយមានសាលាឆទានមួយជិតនោះផងដែរ។

ទីតាំងនៅលើផែនទី