គ្រឹះប្រាសាទតាពេជ្រ

ប្រាសាទតាពេជ្រ គុកតាពេជ ឬ ទួលតាពេជ្រ មានរឿងនិទានស្រដៀងនិងរឿងភ្នំប្រុសភ្នំស្រី ដែលតំណាលពីតាពេជ្រនិងយាយស្រីបានភ្នាល់គ្នាកសាងប្រាសាទដោយសន្មតថា អ្នកឈ្នះនិងបង្ហោះគោមជាសញ្ញាបញ្ជាក់ថាបានកសាងរួចរាល់។ ពេលនោះតាពេជ្រ គិតថាខាងយាយស្រីជាមនុស្សស្រីមិនមានកម្លាំងអាចសង់លឿនជាងបុរសឡើយ ម្ល៉ោះហើយតាពេជ្រក៏នៅលេងអុកសិន។ ពេលកំពុងលេងអុកស្រាប់តែតាពេជ្រឃើញពន្លឺមួយនៅលើមេឃ ដែលតាមពិតវាជាផ្កាយ ប៉ុន្តែតាពេជ្រយល់ច្រឡំស្មានថាជាគោមខាងយាយស្រីបង្ហោះគាត់ក៏បញ្ចប់ការសាងសង់ដោយយល់ថា ខាងគេសាងសង់ប្រាសាទរួចហើយ។ ជាលទ្ធផលយាយស្រីបានកសាងខ្លោងទ្វារប្រាសាទបានប្រាំ ចំណែកតាពេជ្រសង់បានខ្លោងទ្វារបានបីប៉ុណ្ណោះ ហើយតាពេជ្រក៏ភ្នាល់ចាញ់យាយស្រី។ ថ្វីបើរឿងព្រេងខាងលើមិនអាចយកជាការពិតបាន តែជាក់ស្ដែងប្រាង្គប្រាសាទតាពេជ្រមានចំនួនតែបីមែន។ សព្វថ្ងៃទីតាំងគុកតាពេជ្របានក្លាយជាទីស្ថានបញ្ចុះសពទៅហើយ។ តាមសំណល់នានា ប្រាសាទនេះសាងឡើងអំពីថ្មបាយក្រៀម មានប្រាង្គចំនួនបី រត់ជួរពីជើង-ត្បូង មានកំពែងព័ទ្ធជុំវិញធ្វើអំពីថ្មបាយក្រៀម និងមានគូទឹកព័ទ្ធជុំវិញមួយជាន់ទៀត។ នៅផ្នែកខាងកើតមានស្ពានហាលនិងគូទឹកមានប្រវែង ២០x ៩០ម៉ែត្រ។ សព្វថ្ងៃនេះ ប្រាង្គប្រាសាទទាំងបីបានបាក់បែកទាំងស្រុងទៅហើយ នៅសល់តែខ្លោងទ្វារប្រាង្គកណ្ដាលមួយដែលនៅឈរ មានប្រវែង ១ម៉ែត្រ និងកម្ពស់កប់ដីនៅសល់ ១,៤០ម៉ែត្រ។ នៅទិសពាយព្យមានស្លាកស្នាមហោត្រ័យមួយធ្វើអំពីថ្មបាយក្រៀម និងមាននៅសល់ផ្តែរទ្វារចំនួនពីរមានរចនាបថបន្ទាយស្រីឬដើមរចនាបថឃ្លាំងនិងគោលចារឹកមុខបួនមួយលេខ K.834 ចារឹកជាភាសាសំស្រ្កឹត។ អ្នកស្រាវជ្រាវផ្លូវបុរាណរបស់អាជ្ញាធរអប្សរាបានសន្និដ្ឋានថា នៅចុងស.វ.ទី១២ ដើមស.វ.ទី១៣ នៃគ្រិស្តសករាជ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ (គ.ស.១១៨១-១២២០) គេបានកែច្នៃប្លង់ប្រាសាទតាពេជ្រដែលជាប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនាជាសំណង់ហោបន់ស្រន់នៃមន្ទីរពេទ្យវិញ។

ទីតាំងនៅលើផែនទី