ទឹកធ្លាក់ ៧ ដំណាក់ព្រៃព្រឹក្សាបៃតងខ្ចី និងសំឡេងសត្វយំប្រគំជាតន្ត្រីធម្មជាតិលាយឡំសូរទឹកហូរឈូៗឥតឈប់ឈរ គឺជាភាពទាក់ទាញបែបធម្មជាតិនៃទឹកធ្លាក់ជ្រាវ ដែលមានជម្រាលច្រើនដំណាក់អំណោយផលដល់ការងូតទឹកលេងកម្សាន្ដពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ពីកន្លែងចតយានជំនិះភ្លាមប្រមាណតែជាង ១ រយម៉ែត្រលោកអ្នកនឹងទៅដល់ទឹកធ្លាក់ដំណាក់ទី ១ ដែលមានជម្រាលទឹកហូរសម្រាប់ងូតលេងកម្សាន្ដ។ ដោយសារតែដំណាក់ទី ២ នៅមិនឆ្ងាយពីដំណាក់ទី ១ គេអាចយួរម្ហូបអាហារឆ្ពោះទៅងូតទឹកហូបចុកអាហារថ្ងៃត្រង់ក្រោមម្លប់ឈើ ឬក្បែរល្បាក់ទឹកធ្លាក់យ៉ាងកងរំពង ដែលដំណាក់ទី ២នេះ មានជម្រាល ៣ គន្លាក់ប្រវែងប្រមាណ ៣០ ម៉ែត្រ និងល្បាក់ធ្លាក់កម្ពស់ប្រមាណ ៣ ម៉ែត្រ។ ចំណែកឯទឹកដំណាក់ទី ៣ ដល់ទី ៧ ស្ថិតនៅឆ្ងាយដែលចំណាយពេលដើរឡើងភ្នំរាប់ម៉ោងភ្ញៀវទេសចរភាគច្រើនមិនចង់បន្ដដំណើរទៀតនោះទេ។ បើទោះបីជាមានគេអះអាងថា នៅដំណាក់បន្ទាប់មានទឹកធ្លាក់កម្ពស់រហូតដល់ជាង ២០ ម៉ែត្រ ស្រស់ស្អាតយ៉ាងណាក៏ដោយ ក៏មានមនុស្សតិចតួចណាស់តស៊ូស្រឡាញ់បរិស្ថានស្ងប់ស្ងាត់ បន្ដបោះពួយចូលទីកន្លែងជ្រៅៗលាក់ខ្លួនក្នុងធម្មជាតិ។ នៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យភ្ញៀវទេសចរជាតិមកលេងកម្សាន្ដច្រើនលើសថ្ងៃធ្វើការធម្មតា។ ចំណូលពីថ្លៃសំបុត្រផ្ញើរថយន្ដ សហគមន៍យកមកតបណ្ដាញទឹកប្រើប្រាស់ពីប្រភពទឹកធ្លាក់ដល់ភូមិចំនួន ៣ »។ សហគមន៍បានពង្រាយបណ្ដាក់សមាជិករបស់ខ្លួនស្ទើរគ្រប់ដំណាក់ដើម្បីរាយការណ៍អំពីហេតុការណ៍អាសន្នណាមួយ ពិសេសនៅពេលមានភ្លៀងធ្លាក់ខ្លាំងទឹកនៅល្បាក់ខាងលើនឹងហូរធ្លាក់មកក្រោមយ៉ាងគំហុកដែលអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវពេលកំពុងងូតទឹក។ ដូច្នេះ សមាជិកខាងលើនឹងបោះដៃតាមអាយកូមប្រាប់អ្នកខាងក្រោម និងជូនដំណឹងដល់ភ្ញៀវឲ្យផ្អាកការកម្សាន្ដ។ ទឹកធ្លាក់ជ្រាវមានប្រភពពីលើកំពូលភ្នំឱរ៉ាល់ ឬបារាំងដោតទង់(កន្លែងបិតារបស់ព្រះបាទត្រសក់ផ្អែមតាំងធម៌សមាធិ)។ មានប្រវត្តិរឿងតំណាលថា កាលដើមឡើយនៅពេលព្រះបាទត្រសក់ផ្អែមបានឡើងសោយរាជ្យ ដោយព្រះអង្គនឹករលឹកទីដែលព្រះអង្គធ្លាប់ដាំត្រសក់ក៏ឱ្យគេសាងកន្លែងលំហែ ទុកសម្រាប់់ទៅលំហែ។ សម័យថ្ងៃមួយព្រះជាយាជ្រុះបាត់ព្រះទម្រង់ (ចិញ្ចៀន)ទៅក្នុងទឹកធ្លាក់នោះ។ ក្រុមសេនាអាមាត្យ នាំគ្នាចុះទឹករាវ និងជ្រាវរកព្រះទម្រង់នោះតែទោះជានាំគ្នារាវរកយ៉ាងណាក្តីនៅតែមិនប្រទះឃើញសោះ ធ្វើឱ្យ ព្រះបាទត្រសក់ផ្អែមក៏ត្រាស់ថា មិនបាច់រកទៀតទេ ហើយសន្មតនៅទីនោះថា «ជាបឹងជ្រាវ ឬទឹកធ្លាក់ជ្រាវ»។ អ្នកទៅកម្សាន្តដែលមិនបានវេចខ្ចប់ម្ហូបអាហារទៅជាមួយសម្រាប់បរិភោគក៏មានអ្នករស់នៅតំបន់នោះនាំគ្នាលក់ដូរម្ហូបអាហារជាច្រើនបែប ច្រើនមុខ មានដូចជាមាន់ដុត ត្រីដុតអំបិល និងបាយម្ហូប ផ្សេងៗ ក្នុងតម្លៃសមរម្យ។