ក្រុមនេះ មានប្រាសាទសរុបចំនួន ៦ ដែលក្នុងនោះប្រាសាទចំនួន ៥ ប្លង់មានរាងខ្វែងជើងក្អែក តាងដោយអក្សរ Z និងប្រាសាទមួយទៀតតាងដោយអក្សរ Y។ ប្រាង្គប្រាសាទទាំងប្រាំតាង ដោយអក្សរ Zសង់ឡើងអំពីឥដ្ឋ មានប្រាសាទមួយសំខាន់នៅកណ្ដាល Z១ និងមាន ៤ ទៀតសង់ជាអនុទិស Z២, Z៣, Z៤, Z៥។ ប្រាង្គ Z១ មានរាងបួនជ្រុងស្មើ បែរមុខទៅលិច មានកម្ពស់១៦ ម៉ែត្រ បណ្ដោយនិងទទឹង ប្រវែង ៧ម៉ែត្រ។ សព្វថ្ងៃ កំបោរបាយអនៅប្រាសាទនេះមាននៅសល់ច្រើន ដែលអាចឱ្យយើងមើលឃើញបាន។ ច្រកចូលខាងលិច ពុំមានមេទ្វារធ្វើអំពីថ្មភក់ដូចប្រាសាទផ្សេងៗឡើយ ពោលគឺគេធ្វើអំពីឥដ្ឋ រៀបចេញជារាងជាច្រកចូលតែម្ដង។ ដោយនៅផ្នែកខាងលើមានរៀបជារាងសាជីជ្រុង។ នៅលើឥដ្ឋច្រកចូលមានសិលាចារឹកមួយផ្ទាំង ដែលចារឹកនៅលើឥដ្ឋនាសម័យអង្គរតែប្រាសាទសាងនៅសម័យមុនអង្គរ នាស.វ.ទី៧។ សិលាចារឹកដែលចារឹករបៀបនេះ មានតែមួយប៉ុណ្ណោះនៅតំបន់ប្រាសាទសំបូរព្រៃគុក។ ចំណែកផ្នែកដំបូលវិញ មានលម្អជារូបកូនប្រាសាទគ្រប់ជ្រុងទាំងអស់ ហើយឆ្លាក់ច្រើនជាន់ទៀតផង។ ចំណែកប្រាង្គទាំងបួនផ្សេងទៀតដែលសង់ព័ទ្ធជុំវិញជាអនុទិស សុទ្ធសឹងជាប្រាសាទ ឥដ្ឋដែលមានរាងប្រាំបីជ្រុង ហើយសព្វថ្ងៃប្រាង្គខ្លះបានបាក់បែកទាំងស្រុងទៅហើយ។ ប្រាសាទទាំងប្រាំមិនមានសិលាចារឹកឬភស្តុតាងផ្នែកបុរាណវិទ្យាឡើយ ប៉ុន្តែទំនងជាសាងឡើងនៅរចនាបថសំបូរព្រៃគុក រជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧)។ប្រាង្គទោល Y សាងឡើងអំពីឥដ្ឋ មានរាងប្រាំបីជ្រុង ដែលជ្រុងនីមួយៗមិនស្មើគ្នាទេ បែរមុខទៅទិសខាងកើត។ នៅខាងក្នុងគេរៀបជាបន្ទប់សក្ការបូជាមានរាងប្រាំបីជ្រុង ចំណែកខាងក្រៅវិញនៅក្បាលជញ្ជាំង មានលម្អជារូបសត្វហង្សត្រដាងស្លាបងើយក្បាលឡើងលើតម្រៀបគ្នាជាជួរ ហើយក៏មានក្បាច់ផ្កាច័ន្ទផងដែរ។ នៅថ្នាក់ខាងលើ គេលម្អជា បីថ្នាក់ដែលថ្នាក់នីមួយៗមានលម្អជាក្បាច់គូឌុ ដែលមានចម្លាក់រូបក្បាលមនុស្សទេពនៅខាងក្នុង។ ចម្លាក់គូឌុទាំងបីជាន់ មានចំនួនសរុប ៧២។ សំណង់ប្រាសាទនេះ អាចសាងឡើង នៅក្នុងដើមរចនាបថព្រៃក្មេង នាស.វ.ទី៧ ទំនងចុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ឬដើមរជ្ជកាលព្រះបាទភវវរ្ម័នទី២។