ក្រុងព្រះសីហនុ

ពីដំបូងព្រះសីហនុគ្រាន់តែជាផ្នែកមួយនៃខេត្តកំពត។ ក្រុងដែលមាន ឈ្មោះដើមថា កំពង់សោមនេះ ត្រូវបានបង្កើតថ្មីនៅឆ្នាំ ១៩៦៤ ហើយឈ្មោះនេះគឺដើម្បីរំឭកដល់ស្នាព្រះហស្ត របស់ព្រះបាទ នរោត្តមសីហនុ ហើយបន្ទាប់មកនៅឆ្នាំ ២០០៨ ក្រុងនេះបានប្ដូរទៅជាខេត្តបន្ទាប់ពីការកែសម្រួលព្រំប្រទល់ខ្លះៗ។ ខេត្តព្រះសីហនុមានកំពង់ផែសមុទ្រទឹកជ្រៅធំជាងគេបង្អស់នៅឆ្នេរសមុទ្រ ប្រទេសកម្ពុជា។ ក្រៅពីនេះ ក្រុងព្រះសីហនុ ដែលជាទីរួមខេត្តក៏ជាទីតាំងទេសចរណ៍ធម្មជាតិសមុទ្រ ដ៏ស្រស់ស្អាត មានឆ្នេរខ្សាច់ពណ៌សដ៏កម្រ ទាក់ទាញអ្នកទេសចរណ៍មកពីទីជិតឆ្ងាយក្នុងពិភពលោកមក កម្សាន្ត។ ក្រុងនេះជាប់លំដាប់ទី៣ក្នុងប្រទេសបន្ទាប់ពីរាជធានីភ្នំពេញនិងក្រុងសៀមរាប ហើយក៏ជាក្រុងទី៣ ដែលមានអាកាសយានដ្ឋានអន្តរជាតិផងដែរ។ ឆ្នេរខ្សាច់សមុទ្រដ៏ស្រស់ស្អាតជាច្រើន អាហារសមុទ្រស្រស់ៗ សណ្ឋាគារប្រណិតៗ បានធ្វើឱ្យអ្នកវិនិយោគពីបរទេសចូលមកបណ្ដាក់ទុន ជាពិសេសវិនិយោគិនចិន ធ្វើឱ្យច្របូកច្របល់និងមានវិបត្តិអស់មួយរយៈ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងសណ្ដាប់ធ្នាប់។ ក្រៅពីទេសចរណ៍បែបឆ្នេរសមុទ្រ ខេត្តនេះក៏មានទេសចរណ៍ធម្មជាតិបែបទឹកជ្រោះនិងទីកម្សាន្តលំហែផ្សេងៗ ផងដែរ។ ខេត្តទេសចរណ៍និងកំពង់ផែនេះ ចែកជា ៣ស្រុក គឺស្រុកកំពង់សីលា, ព្រៃនប់និងស្ទឹងហាវ និងក្រុង ចំនួន២ គឺ ក្រុងព្រះសីហនុនិងកោះរ៉ុង។ ប្រជាជន មានជាង៣០០ពាន់នាក់ និងដង់ស៊ីតេ១៥៦នាក់ក្នុង មួយគីឡូម៉ែត្រការ៉េ។ និមិត្តសញ្ញារបស់ខេត្តគឺរូបតោញីឈ្មោល (សីហៈ) នៃរង្វង់មូលក្នុងខេត្តត្រង់ផ្លូវទៅកាន់ ឆ្នេរអូរឈើទាល។ ខេត្តនេះមានឆ្នេរសមុទ្រសម្រាប់កម្សាន្តច្រើនជាងគេបំផុតក្នុងប្រទេស។

ទីតាំងនៅលើផែនទី