ប្រាង្គ K១ ដែលបែរមុខទៅទិសខាងលិចទល់នឹងប្រាង្គ K២ ទំនងជាសំណង់ហោត្រៃរបស់ប្រាង្គ K២ នោះហើយ។ ប្រាង្គ K២ ពុំមានក្បាច់លម្អអ្វីឡើយ ពោលគឺអាចជាសំណង់សង់មិនទាន់ហើយ។ តាមរយៈស្លាកស្នាមដែលបន្សល់ទុក គេយល់ថាមានអគារមួយបន្តចេញពីតួរបស់ប្រាសាទមកខាងកើតដែលភ្ជាប់ដោយញកមួយ ហៅថា មណ្ឌប។ ប្រសិនបើប្រាង្គ K១ ពិតជាហោត្រ័យរបស់ប្រាង្គ K២ មែននោះ គេអាចសន្និដ្ឋានថា ប្រាង្គទាំងពីរគឺជាសមិទ្ធិផលនៃសំណង់នាដើមស.វ.ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩)។ ចំណែក ប្រាង្គ K៣ វិញ សង់អំពីឥដ្ឋ បែរមុខទៅទិសខាងកើត មានរាងបួនជ្រុងស្មើ មានយ៉លយមកមុខ។ ប្រាង្គនេះសព្វថ្ងៃនៅសល់តែជញ្ជាំងខាងក្នុងប៉ុណ្ណោះ ដ្បិតតួប្រាសាទទាំងមូលបានរងការជីកបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ប្រាង្គសំខាន់ចំនួន ៤ ទៀត គឺ K៤ – K៧ សង់តម្រៀបជាជួរលើអ័ក្សជើងត្បូង បែរមុខទៅទិសខាងកើតទាំងអស់។ ប្រាង្គចំនួន ៣ មានមណ្ឌបមួយរាងវែងសង់ភ្ជាប់ទៅនិងប្រាង្គ (K៤, K៦, K៧)។ មណ្ឌបនេះមានច្រកទ្វារតូចៗពីរ នៅអមសខាងទ្វារធំ ដែលមានយ៉តូចមួយ។ ប្រាង្គ K5 មិនមានមណ្ឌបលយមកខាងមុខទេ។ ក្នុងចំណោមប្រាង្គទាំងបួនតម្រៀបជួរគ្នានេះ ប្រាង្គ K៦ ជាសំណង់សំខាន់ជាងគេ ដ្បិតតាមរយៈការកំណាយបុរាណវិទ្យាគេបានរកឃើញកំពែងឥដ្ឋមានកម្ពស់ ប្រមាណ ៨០សង់ទីម៉ែត្រ សង់ព័ទ្ធជុំវិញ។ លើសពីនេះ គេក៏បានរកឃើញកម្រាលថ្មបាយ ក្រៀមរៀបភ្ជាប់ទៅប្រាង្គ K៥ ចំពាក់កណ្ដាលទ្វារបញ្ឆោត ហើយនៅចំពីមុខប្រាង្គ K៨ (អគារថ្មបាយក្រៀម) ផងដែរ។ ប្រាង្គទាំងអស់ មានលម្អដោយហោជាងរាងទ្រនង់នាគ ដែលជាទម្រង់ទូទៅនៃសិល្បៈរចនាបថឃ្លាំង ដើម ស.វ.ទី១១ រាជ្យព្រះបាទសូរ្យវរ្ម័នទី១។ ក្រៅពីនេះ ក៏មានលម្អជាផ្តែរទ្វារជាច្រើនផង។ អ្វីដែលចាប់អារម្មណ៍នោះ គឺនៅប្រាង្គ K៦ គេបានយកផ្តែរទ្វារចាស់មួយរចនាបថព្រៃក្មេង ក្នុងស.វ.ទី៧ ដាក់នៅក្លោងទ្វារមណ្ឌប។ ដោយផ្តែរទ្វារចាស់មានប្រវែងវែងជាងស៊ុមទ្វារ ដូច្នេះហើយគេត្រូវកាត់ខាងចុងចេញខ្លះ ដើម្បីឱ្យស្របនិងប្រវែងស៊ុមទ្វារ។ មានន័យថា នៅដើមស.វ.ទី១១ គេមានប្រពៃណីមួយ គឺពេលខ្លះគេយកផ្ដែរពីប្រាសាទចាស់ណាមួយក្នុងតំបន់យកមកប្រើប្រាស់សាឡើងវិញ។ គេធ្លាប់រកឃើញសិលាចារឹកចំនួន ២ ផ្ទាំង K.153 និង K.150 នៅប្រាង្គទាំង៤នេះ។ក្រុមនេះមានប្រាសាទសរុបចំនួន ៩ ក្នុងនោះមានប្រាសាទចំនួន ៨ សាងឡើងលើពំនូកដីខ្ពស់មួយមានរាងបួនជ្រុងទ្រវែងដែលអាចជាកំពែងថ្មបាយក្រៀម និងប្រាសាទមួយទៀតសាងឡើងនៅខាងត្បូង ក្រុមប្រាសាទទាំងប្រាំបី។ នៅខាងក្រៅកំពែងមានស្រះចំនួនពីរ ហើយអ្វីដែលគេចាប់អារម្មណ៍ គឺប្រាសាទភាគច្រើននៅក្នុងក្រុមប្រាសាទរបងរមាសកប់ក្នុងដីជ្រៅជាង១ម៉ែត្រ លើកលែងតែប្រាង្គមួយដែលចុះបញ្ជី K២ ដែលនៅឈរខ្ពស់។ របងរមាស គឺជាឈ្មោះអគារថ្មបាយក្រៀមមួយដែលគេតាងដោយអក្សរ K៥ ហើយគេបានយកឈ្មោះអគារនេះសម្គាល់ក្រុមប្រាសាទទាំងមូល។ ពាក្យ “រមាស” នៅទីនេះមិនមែនសំដៅលើសត្វរមាសនោះឡើយ ពោលគឺគេសំដៅដល់ពណ៌ថ្មបាយក្រៀម ដ្បិតពាក្យ របង សំដៅដល់បង្គោលសសរតម្រៀបគ្នា ហើយរមាសសំដៅលើពណ៌របស់ថ្ម។ អគារថ្មបាយក្រៀម នេះស្ថិតនៅខាងលិចគេបង្អស់នៃក្រុមប្រាសាទរបងរមាស។ ប្រាង្គ K៥ ជាអគារមានលំនាំជាបន្ទប់រាង បួនជ្រុងទ្រវែង ហើយមានសសរផ្អោបពីរជួរស្របនឹងជញ្ជាំងខាងជើងនិងខាងត្បូង ដែលខណ្ឌចែកឱ្យមានល្វែងធំមួយនៅចំពាក់កណ្ដាល និងអមដោយល្វែងតូចៗពីរនៅសងខាង។ រចនាសម្ព័ន្ធសំណង់បែបនេះ មានលំនាំដូចគ្នានិងប្រាង្គកណ្ដាលនៃប្រាសាទព្រះវិហារ និងប្រាសាទភ្នំជីសូរ ដែលស្ថិតនៅក្នុងរចនាបថឃ្លាំង នាដើមស.វ.ទី១១ រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។