ស្ពាននេះកសាងឡើងក្នុងសតវត្សរ៍ទី១២ ហើយមានឈ្មោះ "ព្រះទិស" ឬ "ប្រាប់ទិស"។ ស្ពានបុរាណសម័យអង្គរនេះ សង់ពីថ្មបាយក្រៀមនិងថ្មភក់ដែលមានបណ្ដោយ៨៦ម៉ែត្រ ទទឹង១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង១០ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់) ចំនួ ២១។ តាមការវិភាគប្រវត្តិសិល្បៈលើបង្កាន់ដៃ នាគនិងថ្មគោល គឺស្ថិតនៅក្នុងរចនាបទបាយ័ន។ ស្ពាននេះក៏ត្រូវបានជួសជុលពីរដងរូចមកហើយដែរ។ ពីសម័យមុនគេធ្វើចរាចរលើស្ពាននេះតែម្ដង ប៉ុន្តែសព្វថ្ងៃ នេះគេបានធ្វើផ្លូវវាងកាត់ស្ពានថ្មីជំនួសវិញ។ ទោះយ៉ាងណាទេសចរនៅតែអាចបន្តពិនិត្យស្ថាបត្យកម្ម ដ៏អស្ចារ្យនេះដោយចុះដើរមើលបានដែរ។ គួរកត់សម្គាល់ថា បើសិនជាយើងធ្វើដំណើរពីកំពង់ក្ដីទៅសៀមរាប យើងនឹងជួបផ្លូវវាងជាច្រើន ដែលជាការវាងផ្លូវទឹកតូចៗដែលមានរៀបជាស្ពានថ្មខ្លីៗដែរ។