ប្រាសាទខ្នារ

តំបន់ទេសចរណ៍ប្រាសាទបាក់បែកនេះកន្លងមកមិនសូវមានភ្ញៀវមកពីចម្ងាយទៅលេងច្រើនទេ។ ប៉ុន្តែបន្ទាប់ពីមានការអភិវឌ្ឍន៍ផ្លូវឡើង ដោយមានជណ្ដើរធ្វើអំពីឈើជិតចំនួនជាងមួយពាន់ពីររយកាំបត់បែនតាមចន្លោះផ្ទាំងថ្មតូចធំមក ប្រាសាទបុរាណមានវ័យចំណាស់មួយនេះបានក្លាយទៅជាតំបន់ទេសចរថ្មីមួយ។ ពេលបានទៅដល់លើភ្នំអ្នកធ្វើដំណើរអស់កម្លាំងបន្តិចបន្តួចមែន តែនឹងមានអារម្មណ៍ស្រស់ស្រាយដោយអាចស្រូបយកខ្យល់បរិសុទ្ធ ហើយគយគន់នូវទេសភាពព្រៃឈើខៀវខ្ចីនៅ ក្បែរជើងភ្នំ។ បុរាណដ្ឋានដ៏ចំណាស់មួយនៅលើភ្នំដងរ៉ែកនេះមានរយ:កម្ពស់ប្រមាណជាង ៣០០ម៉ែត្រ ប៉ុន្តែត្រង់ជើងភ្នំក៏មានរយ:កម្ពស់ប្រមាណជាង ១០០ម៉ែត្រទៅហើយ។ សរុបមកទេសចរត្រូវឡើងកម្ពស់ជាង២០០ម៉ែត្រ។ តាមបណ្ដោយផ្លូវទៅកាន់ប្រាសាទមានអណ្ដូងបុរាណ ត្បាល់បុរាណ និងពើងថ្មភក់ធំៗ។ ប្រាសាទមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ ទំហំ ៤០x៦០ម៉ែត្រ។ ប្រាសាទខ្នារមានប្រាង្គសង់ពីឥដ្ឋ ដែលតាមការស្មានអាចមានបី ប៉ុន្តែបាក់រលំអស់សល់តែពំនូកឥដ្ឋ។ ទីនេះនៅមានបន្សល់ថ្មគោលមួយកំណាត់មានចារឹកអក្សរខ្មែរបុរាណសម័យសតវត្សរ៍ទី១០ ដែលបង្ហាញពីចំណាស់របស់ប្រាសាទផងដែរ។

ទីតាំងនៅលើផែនទី