ស្ពានទ័ព គឺជាស្ពានបុរាណខ្មែរដែលតាមការបញ្ជាក់ពីអ្នកស្រាវជ្រាវ ស្ពាននេះមានប្រវែងវែងជាងគេដែលសង់នៅសម័យនោះ។ ទោះជាមានអាយុរាប់រយឆ្នាំទៅហើយក្ដី ប៉ុន្តែស្ពាននេះនៅមានភាពរឹងមាំនៅឡើយ ពិសេសជើងក្រោម ដោយមិនគិតពីបង្កាន់ដៃដែលរងការបំផ្លាញដោយធម្មជាតិនិងមនុស្សឡើយ។ ស្ពានទ័ពស្ថិតនៅតាមបណ្ដាយផ្លូវបុរាណអង្គរធំទៅភិម័យ។ ក្នុងសម័យសង្គមរាស្ត្រនិយមគេនៅប្រើស្ពាននេះឆ្លងកាត់ទៅ ចុងកាល់ តែសព្វថ្ងៃនេះគេបានធ្វើផ្លូវវាងដោយប្រើស្ពានថ្មីវិញ។ ស្ពានទ័ពជាស្ពានមួយដែលសង់ឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣។ ស្ពាននេះមានបណ្ដោយប្រវែង ១៥០ម កម្ពស់១០ម៉ែត្រ និងទទឹង ១៦,៤០ម៉ែត្រ ដែលសង់ឡើងពីថ្មភក់លាយថ្មបាយក្រៀមដែលលាតសន្ធឹងពីជើងទៅត្បូង និងមានរន្ធតាដេវ ចំនួន២៨។ បច្ចុប្បន្នស្ពាននេះមានសភាពរឹងមាំល្អនៅឡើយ ព្រោះវិស្វករដែលយកបំណែកថ្មបាយក្រៀមនៃស្ពាននេះទៅគណនារកបន្ទុករកឃើញថា ស្ពាននេះនៅអាចរងទម្ងន់បាន៤០តោននៅឡើយ។ ទេសចរអាចចុះទៅទស្សនាដល់ជើងក្រោមនៃស្ពានបានក្នុងរដូវប្រាំង។ ប្រភពថ្មបាយក្រៀមដែលយកមកសង់គឺយកពីភ្នំស្រីស្នំ ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីទីនេះ ហើយនៅតាមជើងភ្នំនោះ មានស្នាមកាត់ថ្មបាយក្រៀម ដែលអ្នកភូមិហៅទីនោះថា ស្រះរោយ។ ភ្នំមួយទៀតនៅក្បែរនោះក៏ជាប្រភពរ៉ែដែកដ៏សំខាន់ ព្រោះមានភ័ស្តុតាងឡស្លដែកបុរាណនៅទីនោះផងដែរ។