វត្តត្រឡែងកែង ស្ថិតនៅចំកណ្ដាលអតីតរាជធានីលង្វែកដែលត្រូវបានកសាងឡើងនៅ ស.វ. ទី ១៦។ នាមនេះ គឺជានាមតាំងពីការករកើតវត្តនេះដំបូងមកម្ល៉េះ ដោយសារតែនៅក្នុងព្រះវិហារមានតម្កល់ព្រះពុទ្ធបដិមា ៤ អង្គឈរទល់ខ្នងគ្នា បែរព្រះភក្ត្រទៅទិសធំៗ ទាំង ៤។ បច្ចុប្បន្ន គេឃើញមានព្រះត្រឡែងកែងថ្មីដែលមានទំហំតូចជាងមុន និងសំណល់ព្រះបាទា ៨ ដែលបន្សល់ទុកពីព្រះត្រឡែងកែងដើម ដែលតាមឯកសារពង្សាវតារ គឺត្រូវបាន ស្ដេចសត្ថាទី ១ បញ្ជាឲ្យគេគាស់រំលើងយកទៅចោលក្នុងទឹកទន្លេឯពាមលង្វែក ព្រោះត្រូវអំពើសង្ឃសៀម ២ អង្គ ហើយក៏ជាហេតុបណ្ដាលឲ្យបារមីឃុំគ្រងការពារបន្ទាយលង្វែក សាបរលាបរហូតដល់ទ័ពសៀមវាយបន្ទាយដ៏ធំ និងមាំចុងក្រោយបំផុតរបស់ខ្មែរបែកនៅចុង ស.វ. ទី ១៦។ ទីវត្តនេះមានប្រាសាទបុរាណយ៉ាងតិចចំនួន ២ ដែលបាត់បង់រូបរាង នៅសល់ត្រឹមស្លាកស្នាមបន្តិចបន្តួចល្មមសម្គាល់បាន។ បច្ចុប្បន្ននៅទីធ្លាវត្ត មានវិហារ ២, វិហារមួយនៅទិសខាងកើត សង់លើគ្រឹះថ្មបាយក្រៀម និងឃើញមានសន្លឹកសីមាផងដែរ។ ឯវិហារមួយទៀតធំសង់ជារាងកាកបាទលើទីទួលមួយ ដែលមានគ្រឹះជាថ្មបាយក្រៀមហើយនៅខាងមុខ មានព្រះពុទ្ធបដិមាធំមួយអង្គធ្វើពីថ្មភក់។ នោក្នុងទីវត្តមានសំណល់ប្រាសាទចាស់ ដូចជាកំពូលប្រាសាទរាងជាផ្កាឈូក និងបំណែកថ្មដែលមានក្បាច់ផងដែរ។