ភ្នំសន្ទុក

ភ្នំសន្ទុកធ្លាប់មានឈ្មោះថា ភ្នំអាសន្នមានទុក្ខ ភ្នំគិរីចមជង្គ និង ភ្នំគ្របទុក្ខជាដើម។ ភ្ញៀវទេសចរទាំងឡាយ អាចឡើងកាំជណ្ដើរដ៏វែង ដែលមានដល់ទៅ ៨០៩កាំ ឬក៏ឡើងរថយន្តដល់កំពូលភ្នំផងដែរ។ នៅលើកំពូលភ្នំមានរូបព្រះពុទ្ធបដិមាដ៏អស្ចារ្យ ដែលធ្វើឡើងពីថ្មភ្នំ ឥរិយាបថចូលព្រះនិព្វានដែលមានប្រវែងវែងជាង ១០ម៉ែត្រ និងមានរូបចម្លាក់ព្រះពុទ្ធរូបដទៃទៀតដែលដាប់ជាប់ថ្មភ្នំ។ រូបចម្លាក់ទាំងនេះត្រូវបានគេសិក្សាថា សង់ឡើងក្នុងរាជ្យព្រះបាទ ព្រះពញាធម្មរាជា (១៤៧៤-១៤៩៥)។ រឿងព្រេងតំណាលថា កាលពីព្រេងនាយមានស្ដេចមួយអង្គ មានព្រះរាជបញ្ជាឱ្យឆ្ការព្រៃមួយកន្លែងសង់ប្រាសាទ ព្រះរាជវាំង ឈ្មោះគុកភូមិប្រាសាទជាប់រហូតមកដល់សព្វថ្ងៃ ហើយបង្គាប់ឱ្យឆ្ការព្រៃមួយកន្លែងទៀតធ្វើទីសម្រាប់ស្រីស្នំមានកំពែងជុំវិញ ដែលជាប់មានឈ្មោះថា ភូមិវាំង ព្រមទាំងសង់ឃ្លាំងសម្រាប់ដាក់ព្រះរាជទ្រព្យឈ្មោះថា ភូមិសង់ឃ្លាំង តែក្រោយយូរមកគេហៅថា ភូមិតាំងក្រសាំងវិញ។ រឿងនិទានបានបន្តផ្សារភ្ជាប់នឹងឈ្មោះទីតាំងជុំវិញនោះជាច្រើន។ ចំណែកពាក្យថា សន្ទុក គឺយារក្លាយពីពាក្យ អាសន្នទុក្ខ ដែលព្រះរាជបុត្រទ្រង់ប្រឈួនជាខ្លាំងដរាបដល់អស់ព្រះជន្មនៅទីនោះ។ ទីជើងភ្នំដែលព្រះរាជាធ្វើព្រះពន្លាថែរក្សាព្រះរោគព្រះរាជបុត្រ លុះដល់អស់ព្រះជន្មជាអាសន្ននោះ ជាប់មានឈ្មោះថា ភ្នំអាសន្នមានទុក្ខ តមកគេហៅយារៗ មកថា ភ្នំសន្ទុក និង ភូមិសន្ទុក វិញ មកដល់សព្វថ្ងៃ។ គ្រានោះ មានសាមណេរមួយអង្គបាននិមន្តទៅជួបនឹងព្រះរាជានៅទីនោះ ក៏ថ្វាយព្រះពរថា «បើព្រះអង្គចង់ឃើញព្រះរូបព្រះរាជបុត្ររបស់ព្រះអង្គ សូមទ្រង់ឱ្យជាងយកម្សៅ ឬដីមកសូន ធ្វើជាព្រះរូបព្រះរាជបុត្រទុក គ្រាន់ទតលំហែព្រះទ័យរំដោះទុក្ខ»។ ព្រះរាជាបានឮព្រះពុទ្ធដីកាសាមណេរនោះហើយ ក៏មានព្រះរាជហឫទ័យត្រេកអរ ទ្រង់ចាត់ឱ្យជាងធ្វើសំណាកព្រះរូបព្រះរាជបុត្រទុកនៅទីព្រៃមួយ ជាប់ឈ្មោះថា ភូមិសំណាក មកដល់សព្វថ្ងៃ។ ក្រោយមកព្រះរាជាបានទតឃើញឆ្អឹងក្បាលក្រពើធំមួយ ដែលស្លាប់យូរហើយនៅទីនោះ ទីដែលព្រះរាជាទ្រង់ទតឃើញក្បាលក្រពើនោះជាប់ឈ្មោះថា ភូមិត្បូងក្រពើ ដរាបមកដល់សព្វថ្ងៃ។

ទីតាំងនៅលើផែនទី