សំណង់នេះសាងឡើងនៅសតវត្សរ៍ទី១១ ក្នុងរចនាបទឃ្លាំង ក្នុងរាជព្រះបាទសុរ្យវរ្ម័នទី១។ ប្រាសាទបន្ទាយស្រីដំដែក មានទីតាំងស្ថិតក្នុងបរិវេណវត្តប្រាសាទបន្ទាយស្រី។ ប្រាសាទនេះជាសំណង់ទោលបែរមុខទៅទិសខាងកើត និងមានហោត្រៃពីរបែរមុខទៅទិសខាងលិច ដែលបច្ចុប្បន្នរលំបាក់បែកអស់ហើយ។ សម្ភារៈសំណង់មានថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ ហើយមានភាពទ្រុឌទ្រោមខ្លាំងបណ្ដាលមកពីកត្តាធម្មជាតិនិងកត្តាមនុស្ស។ ប្លង់តួប្រាង្គកណ្ដាលមានរាងការ៉េមានទ្វារចូលបួនទិស និងរានហាល រាងកាកបាទ សង់នៅទីទម្រពីរជាន់ និងមានកំពែងព័ទ្ធជុំវិញបីជាន់។ អត្ថបទលោក Lunet de La jonqiére បានរៀបរាប់ ត្រឹមតែកំពែងទី១ និងទី២ប៉ុណ្ណោះ។ នេះប្រហែលជាលោកមិនបានសង្កេតឃើញស្នាមទាំងនោះទេ។ ប្រាសាទបន្ទាយស្រីមានលក្ខណៈដូចប្រាសាទ តាកែវ ភិមានអាកាស ភ្នំជីសូរ ឯកភ្នំជាដើមដែរ។