ប្រាសាទបាសាក់, ប្រាសាទព្រៃបាសាក់

តំបន់នេះជាអតីតៈបុរាណស្ថានតាំងពីសម័យបុរេអង្គរមក ហើយក្រោយមកនៅសម័យអង្គរនាចុងស.វ.ទី១០ មានការរៀបចំនិងសង់ប្រាសាទបន្ថែមទៀត។ ទីតាំងនេះធ្លាប់ជាទីតាំងដើមរបស់បដិមាមួយចំនួនដូចដូចជា ព្រះគណេស ព្រះសិវ(រចនាបថកោះកេរ) គោនន្ទិ ផ្តែរសម័យបុរេអង្គរ (រចនាបថព្រៃក្មេង) និងសសរពេជ្រសម័យអង្គរ(រចនាបថកោះកេរ) សិលាចារឹកលេខK69,K70,K71,K425 មានប្រភពចេញពីប្រាសាទនេះ។ ប្រាសាទព្រៃបាសាក់ស្ថិតលើទួលព្រៃបុរាណ មានបណ្តោយប្រមាណជាង ៥ ម៉ែត្រ គឺជាប្រាង្គទោល សាងសង់អំពីឥដ្ឋ មានកម្ពស់ខ្ពស់។ ថ្វីត្បិតតែប្រាសាទត្រូវខ្ទេចខ្ទាំដោយការបំផ្លិចបំផ្លាញពីសង្គ្រាមនិងមនុស្សក្តី នៅទីនេះសល់តួប្រាង្គមួយចំហៀង ដែលមានកំពស់ ២ម៉ែត្រ នៅសល់តែសសរក្លោងទ្វារមួយតែប៉ុណ្ណោះដែលជាភស្តុតាងអាចបញ្ជាក់នូវកាលបរិច្ឆេទបានយ៉ាងប្រាកដ។ គេតំណាលថា ពីដើមគេអាចមកខ្ចីចានឆ្នាំងពីទួលប្រាសាទនេះបានសម្រាប់យកទៅធ្វើ បុណ្យទានទៀតផង តែឥឡូវនេះទំនៀមនេះបានសាបរលុបទៅហើយ ព្រោះថាមានអ្នកខ្ចីមិនសង ឬក៏បានធ្វើឲ្យបាក់បែក។ ប្រាសាទធ្លាប់បានធ្វើកំណាយ ដឹកនាំដោយ លោក ហ្សង់ កូមៃ នាឆ្នាំ ១៩០២ ហើយបានគូរជាប្លង់ហើយ។

ទីតាំងនៅលើផែនទី