ក្រុងក្រចេះ

ក្រចេះ ជាឈ្មោះខេត្តដែលតាមវចនានុក្រមគឺជាម្សៅក្រអូបម៉្យាង ប៉ុន្តែឯកសារខ្លះបង្ហាញថា ក្លាយពីភាសាបារាំងថា GATILLE (ហ្គាទីឡេ) តាមឈ្មោះនាយទាហានបារាំងដែលធ្លាប់បោះទីតាំងទីនេះ។ មតិមួយទៀត ថាពាក្យ ក្រចេះ មកពីពាក្យជនជាតិស្ទៀង ហៅក្របីថា ក្រចេ ហើយទីនេះជាកំពង់ចម្លងក្របី មកជួញដូរជាមួយ ជនជាតិខ្មែរ។ ទោះជាយ៉ាងណាទីនេះជាដែនដីប្រវត្តិសាស្ត្រមួយនៃកម្ពុជរដ្ឋ តាំងពីសម័យចេនឡា ដែលស្រុកសំបូរជាអតីតរាជធានីមានឈ្មោះថា «ក្រុងសម្ភុបុរៈ»។ ខេត្តក្រចេះបានបន្សល់ប្រាសាទបុរាណមួយចំនួនដែលបានកសាងឡើងនៅសតវត្សទី៨ និង ព្រះវិហារសសរមួយរយដ៏ល្បីល្បាញ ព្រមទាំងសិលាចារឹកជាច្រើនទៀត ប៉ុន្តែគួរឱ្យស្ដាយភាគច្រើនគឺរលំបែកបាក់អស់។ ក្រៅពីបុរាណដ្ឋាន ខេត្តក្រចេះសម្បូរទៅដោយធនធានធម្មជាតិមានអំណោយផលល្អសម្រាប់វិស័យកសិកម្ម ដោយដីមានជីជាតិ ទឹកសម្បូរដោយពូជត្រីធំៗ ជាពិសេសផ្សោតទឹកសាបដែលទាក់ទាញភ្ញៀវទេសចរ។ ទីរួមខេត្តលម្អទៅដោយអគារស្ថាបនាតាំងពីទសវត្ស១៩៤០-១៩៥០ ដែលមានរចនាបថល្អប្រណីត និងធម្មជាតិពិតដ៏សែនមនោរម្យ ព្រោះនៅខាងមុខមានដងទនេ្ល និងកោះ នៅខាងក្រោយមានបឹងដ៏ធំដែលមានជំនោរបរិសុទ្ធ។ ខេត្តក្រចេះមាន ស្រុក៤ គឺ ស្រុកចិត្របុរី, ឆ្លូង, ព្រែកប្រសព្វ, ស្នួល និងក្រុងក្រចេះមួយជាទីរួមខេត្ត។ ប្រជាជនប្រកបរបរកសិកម្មឬអ្នកនេសាទ អត្រាកំណើនទាប (១.៤ភាគរយ) ដង់ស៊ីតេ ២៩នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។ ខេត្តក្រចេះមានស្រុកដែលធំជាងគេក្នុងចំណោមស្រុកទាំងអស់នៅកម្ពុជា គឺស្រុកសំបូរ។ ខេត្តក្រចេះមាននិមិត្តសញ្ញាដែលនៅរក្សាទ្រង់ទ្រាយដើមយូរណាស់មកហើយគឺរូបគ្រុឌកាន់នាគ។

ទីតាំងនៅលើផែនទី